(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃហើយ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ និងបន្តទាមទារមកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅនោះ រហូតដល់ភាគីថៃបំពេញកាត្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកសមាជិកក្រុមគ្រួសាររបស់កងកម្លាំងកម្ពុជាណាម្នាក់ចោល និងឯកោជាដាច់ខាត។
លោកជំទាវអ្នកនាំពាក្យបានរម្លឹកទៀតថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឈនទៅការនាំមកវិញនូវសន្ដិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីដែលប្រជាជនប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលចង់បាន៕
